www.veasnagbchotnews.com.kh / ចាងហ្វាងការផ្សាយ៖ លោក ឯម ឌី វាស្នា ទីស្នាក់ការកណ្តាល / ផ្ទះ៦៩ ផ្លូវ១៦៦ សង្កាត់អូរឫស្សីទី៣ ខណ្ឌ៧មករា ភ្នំពេញ / ទំនាក់ទំនង /Tele: 071 719 9000 / 092 446 880…..

Breaking

Wednesday, February 25, 2026

អភិបាលខេត្តតាកែវ គាំទ្រគម្រោងបង្កើតរោងចក្រកែច្នៃសំបកដបប្លាស្ទិក នៅស្រុកបាទ

(តាកែវ)៖ ក្នុងជំនួបជាមួយក្រុមអ្នកវិនិយោគចិន នៅសាលាខេត្តតាកែវ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ អភិបាលខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង បានបង្ហាញពីកិច្ចសហការ និងធ្វើការគាំទ្រយ៉ាងពេញ ទំហឹងចំពោះ គម្រោងបង្កើតរោងចក្រកែច្នៃសំបកដបប្លាស្ទិក ឲ្យទៅជារបស់ប្រើប្រាស់ប្រចាំថ្ងៃរបស់ក្រុមហ៊ុន មេរីឌា រីសាយខល (ខេមបូឌា) ឯ.ក ដែលមានទីតាំងស្ថិតក្នុង ភូមិឱភាសាំង ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ។

នៅក្នុងជំនួបពិភាក្សាជាមួយក្រុមអ្នកវិនិយោគចិន ឯកឧត្តម វ៉ី សំណាង បានលើកឡើងថា ខេត្តតាកែវ ពីមួយឆ្នាំទៅមួយឆ្នាំ កាន់តែមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដែលការរីកចម្រើននេះនាំឲ្យប្រជាពលរដ្ឋ ប្រើប្រាស់សម្ភារ ទំនើបៗ ក្នុងនោះសំណល់ប្លាស្ទិក ក៏មានការកើនឡើង ដែលសំណល់ប្លាស្ទិកនេះ បានផ្ដល់ផលប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថាន ដូច្នេះការមកបង្កើតរោងចក្រកែច្នៃសំបកដបប្លាស្ទិក នៅលើទឹកដីខេត្តតាកែវនាពេលនេះ ពិតជាបានរួមចំណែកធ្វើឲ្យប្រសើឡើងវិញបរិស្ថានស្អាតល្អ មានសោភ័ណ្ឌភាពនៅក្នុងខេត្ត។

ឯកឧត្តមអភិបាលខេត្តតាកែវ បានថ្លែងបន្តថា ការបង្កើតរោងចក្រកែច្នៃសំបកដបប្លាស្ទិក ក្រៅតែពីបានជួយដល់បរិស្ថាន ក៏នឹងជួយបង្កើតការងារកាន់តែច្រើនថែមទៀតដល់ ប្រជាពលរដ្ឋនៅក្នុងខេត្ត កាត់បន្ថយការធ្វើចំណាកស្រុក និងលើកស្ទួយសេដ្ឋកិច្ច គ្រួសាររបស់ពួកគាត់កាន់តែប្រសើរឡើង។ អាជ្ញាធរខេត្ត នឹងជួយសម្របសម្រួលនីតិវិធីគ្រប់បែបយ៉ាង ដល់អ្នកវិនិយោគទុនដែលចូលមកវិនិយោគ បង្កើតរោងចក្រកែឆ្នៃសំបកដប សំណល់ប្លាស្ទិកដោយស្របច្បាប់នៅក្នុងខេត្តតាកែវ។

សូមជម្រាបថា បើយោងតាមតំណាងក្រុមហ៊ុនវិនិយោគចិន មានបំណងចង់មកវិនិយោគបង្កើតរោងចក្រកែច្នៃសំបកដបប្លាស្ទិក ក្នុងខេត្តតាកែវ ដោយក្រុមហ៊ុនមានបទពិសោធន៍ច្រើនឆ្នាំ និងមានដៃគូសហការជាច្រើននៅប្រទេសចិន លើការកែច្នៃសំបកដបប្លាស្ទិក ជាមួយបច្ចេកវិទ្យាទំនើបៗ ជាពិសេសកែច្នៃសំណល់ប្លាស្ទិកឲ្យទៅជាសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ ទន្ទឹមនេះក្រុមហ៊ុន ក៏មានតម្រូវការទិញសំបកដប ក្នុងបរិមាណ១ខែ១៥តោនផងដែរ៕


No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages